បងតែងកំណាព្យ ផ្ញើជូនវរមិត្រ
បញ្ជាក់ស្នេហ៍ពិត ថាបងភក្តី
ស្រឡាញ់អូនណាស់ មានមេឃនិងដី
ជួយជាសាក្សី ប្រវត្តស្នាមស្នេហ៍។
បងនឹកអូនណាស់ នឹកគ្រប់វេលា
ដួងចិត្តគ្រាំគ្រា ពុំមានពេលល្ហែ
គេងឱបខ្នើយទុក្ខ អស់ជាយូរខែ
ព្រឺព្រួចព្រោះតែ អូនធ្វើកន្តើយ។
មិនយល់! មិនយល់! ដួងចិត្តអូនទេ
ឬទ្រូងមាសមេ មានរូបគេហើយ
ប្រាប់ឲ្យត្រង់មក ណាម្ចាស់ត្រាណត្រើយ
បើអៀនមិនឆ្លើយ សូមអូនផ្ញើសារ។
បងចាំទទួល ភាសាដួងចិត្ត
ថាស្នេហ៍ឬស្និទ្ធ ឬក៏មេត្តា
បើអូនថាស្អប់ បងរឹតស្នេហា
ព្រោះចិត្តប្រាថ្នា ស្នេហ៍អូនអស់ហើយ។
បើអូនមានគូ បងស៊ូរងទុក្ខ
សុំជួបតែមុខ ក៏ទ្រូងល្ហែល្ហើយ
លេបគ្រួសលេបថ្ម រង់ចាំចម្លើយ
ក្រែងលោត្រាណត្រើយ អូនផ្លាស់ចិន្តា។
ណ្ហើយ! បងសូមផ្ញើ ចិត្តនឹកពន្លក
តាមខ្សែរលក សម្លេងវេហា
អូរស្មាច់បងស្មោះ មិនប្រែសាវា
ស្នេហ៍តែអូនណា គ្មានអ្នកទីពីរ៕