មាននឹកអូនទេ?

នឹកបងខ្លាំងពេក ដេកមិនលក់ទេ
អូនងើបសរសេរ ចារចែងបណ្តាំ
តាមខ្សែវិទ្យុ កៅមួយចុកប្រាំ
អូនសូមផ្ញើផ្តាំ ចិត្តនឹកទៅថ្លៃ។

ពាក្យពេចន៍អក្ខរា ចារពិចិត្តម៉ុម
ប្រាប់ពីទុក្ខធំ យំនឹកអាល័យ
គ្រានេះត្រូវព្រាត់ អាណិតខ្លួនក្រៃ
រៀងរាល់យប់ថ្ងៃ នឹកថ្លៃជីវា។

ទោះព្រាត់គ្នាយូរ ក៏អូនមិនភ្លេច
នឹកបងជានិច្ច ទោះធ្មេចនេត្រា
សុបិនឃើញយើង សាសងស្នេហា
កៀកកិតកាយា ហាក់នៅថ្មីៗ។

អនុស្សាវីយ៍ ញុំញីចិន្តា
ម្តេចអ្នកឬស្យា តាមលងចិត្តស្រី
សម្លងសត្វយំ ប្រគុំតន្ត្រី
ហាក់ជួយស្រដី សួររកម្ចាស់ស្នហ៍។

ព្រលឹមព្រលប់ អាធ្រាតឆ្លងព្រឹក
ចិត្តនៅតែនឹក ពុំមានពេលល្ហែ
បងអើយអើយបង ថ្ងៃណាបងប្រែ
វិញមកសាងស្នេហ៍ ថែអនាគត។

កាន់តែរំលឹក គឺកាន់តែព្រួយ
បេះដូងអូនមួយ រលួយរលត់
ថែនូវចិត្តស្មោះ ជូនបងមួយគត់
ភ័យភាំងរន្ធត់ ខ្វល់ព្រួយរក្សា។

គេងគិតគេងនឹក អាណិតខ្លួនពេក
មានតែទឹកភ្នែក ជំនួសវាចា
កម្សត់ខ្លួនណាស់ ខំស្រែកតវា
តើជាវាសនា ឬព្រហ្មលិខិត។

ពេលនេះបងអើយ អាធ្រាតយប់ជ្រៅ
ដោះស្រាយម្តេចទៅ ទើបស្ងប់ដួងចិត្ត
បើខ្លួនជាស្រី ច្បាប់ស្រីបាំងបិត
សូមប្រុសអាណិត ចិត្តអូនផងណា។