អូនរៀបការចុះ!

- ធម្មជាតិព្រឹកព្រៃ ទឹកដីអូរស្មាច់
ផ្លូវកោងផ្លូវវកាច់ តាមចង្កេះភ្នំ
រសៀលសុរិយា សំឡេងសត្វយំ
សូរដូប្រគុំ ជាវង់តន្ត្រី។

- សត្វកាន់តែយំ ខ្ញុំរឹតតូចចិត្ត
នឹកទៅអាណិត ចិត្តស្មោះភក្តី
អនុស្សាវរីយ៍ ជ្រោះរួតចំប៉ី
ពេលនោះអ្វីៗ កកើតក្តីស្នេហ៍។

- ផ្ទាំងថ្មមាត់ជ្រោះ ឆ្លាក់ឈ្មោះអូនបង
យើងសច្ចាផ្សង ស្មោះស្ម័គ្រស្បថស្បែ
ដីបែកមេឃបាក់ ស៊ូស្លាប់រស់ក្បែរ
បើដឹងដល់ម៉ែ ប្រាប់ថាស្នហ៍ស្មោះ។

- ស្នេហ៍ចិត្តនឹងចិត្ត ឥតអ្នកបង្ខំ
សាងស្នេហ៍ឧត្តម ក្រមុំកម្លោះ
មិត្តភក្តិរួចថ្នាក់ ដឹងឮទាំងអស់
ជួយព្រំជួយប្រោស ស្នេហ៍យើងទាំងទ្វេ។

- ស្នេហ៍ក្មេងចិត្តក្មេង មិនវង្វេងឡើយ
វិជ្ជាជាត្រើយមិនប្រហែសទេ
ស្នេហាពួកយើង បរិសុទ្ធលើសគេ
ខ្លាចណាស់ញាតិជេរ ចំអកស្តីថា។

- ពីរឆ្នាំកន្លង បងជាប់សញ្ញាបត្រ
កាយត្រូវរសាត់ បន្តសិក្សា
អូរស្មាច់ភ្នំពេញ ឆ្ងាយគ្នាម្ល៉េះណា
តែចិត្តស្នេហា នៅតែរលឹក។

- ទូរស័ព្ទទាក់ទង រំលងរាត្រី
បង្ហាញភក្តី ប្រាប់ថាបងនឹក
ទោះការសិក្សា ជាប់មមាញឹក
គ្រប់ពេលល្ងាចព្រឹក បេះដូងព្រួចព្រឺ។

- រាត្រីថ្ងៃសៅរ៍ រាត្រីរីករាយ
តែងណាត់និយាយ រហូតទល់ភ្លឺ
ប៉ុន្តែយប់នេះ ទ្រូងសែនគ្រាំឈឺ
ព្រោះបងបានឮ ពាក្យអូនឆ្លើយប្រាប់។

- ថា ឱ!បងអើយ ស្នេហ៍យើងត្រូវបែក
បងប្រឹងប្រកែក ស្នេហ៍ប្រែក្រឡាប់
ថាមិនពិតទេ កុំបាច់រ៉ាយរ៉ាប់
បងនឹងស្ទះស្លាប់ បើនៅនិយាយ។

- តើចុះហេតុម្តេច អូនមិនបកស្រាយ
មិនជម្រាបម្តាយ បែរជាទន់ជ្រាយ
ឬបេះដូងអូន ក៏ប្រែរាយមាយ
បើតាមបងទាយ ឃ្លាតឆ្ងាយណាយចិត្ត។

- ឃ្លាតកាយណាយស្នេហ៍ ថាម៉ែបង្ខំ
វាដូចមិនសម ទេណាស្នេហ៍ស្និទ្ធ
តើបងខុសអី ស្រីមិនអាណិត
យកម៉ែបាំងបិទ​ចិត្តអូនសាវា។

- ទៅចុះ ទៅចុះ ប្រុសស៊ូឱបភ្លើង
ធ្វើម្តេចស្នេហ៍យើង ស្នេហ៍គ្មានចៅមហា
ឲ្យបងព្រាត់ស្នេហ៍ ក្នុងវ័យសិក្សា
ឈឺចិត្តម្ល៉េះណា ខ្មាស់អស់អ្នកផង។

- ទោះបីចោទអូន ស្រីខួក្បាលម៉ែ
ក៏មិនត្រូវដែរ ណាពៅមាសបង
អូនរៀបការចុះ គិតនាំសៅហ្មង
ក្រែងខកបំណង លោកអ្នកមានគុណ។

- ធ្វើម្តេចជាតិនេះ យើងគ្មានវាសនា
ឱ! អ្នកសិក្សា ជួបស្នេហ៍ទារុណ
សម្អាងចំណេះ ធ្វើជាដើមទុន
គេចូលស្តីមុន យកឈ្នះស្នេហ៍ស្មោះ។

- បងគ្រាន់តែចង់ ផ្ញើស័ព្ទវាចា
តាមខ្សែវេហាស៍ ថានៅអាឡោះ
អូរស្មាច់នៅស្នេហ៍ បងនៅតែស្មោះ
អូនរៀបការចុះ ប្រុសបងជូនពរ៕