ម្តេចមិនឲ្យផ្ទាល់?

នេះនឹងសម្តែង
ជួយគិតជ្រួយក្រែង
ជួយពិចារណា
មានស្មូមចាស់ម្នាក់
អុចធូបប្រាថ្នា
សុំការសង្រ្គោះ ។

ជង្គង់លុតចុះ
សុំក្តីសន្តោស
សុំតែមួយរស់
ឱ! លោកតាអើយ
ចៅឃ្លានបាក់ពោះ
ខិតខំឈ្មុលឈ្មុស
មកជួបលោកតា ។

សុំមួយម៉ឺនមក
នឹងអាលទៅរក
អ្វីមកភោត្តា
បើអត់ពេលនេះ
ខ្ញុំពិតមរណា
សូមឬទ្ធិចេស្តា
ទ្រង់ប្រោសសម្តែង ។


ចម្លាក់អ្នកតា
ស្ងាត់មិនហើបហារ
ស្ងៀមមួយកន្លែង
ស្មូមរឹតរអ៊ូ
អូចៗម្នាក់ឯង
ចិត្តស្រមៃក្រែង
ដូចក្តីបំណង ។

ទោះគ្មានចម្លើយ
សូមមិនកន្តើយ
នៅតែស្ម័គ្រផ្សង
មានម្នាក់ក្បែរនោះ
អាណិតទ្វេដង
ចិត្តល្អិតដូចល្អង
ប៉ងជួយគ្នីគ្នា ។

លៅកក្នុងហោប៉ៅ
យកចេញមកក្រៅ
ដៃរាប់ឈ្លេចលា
បានប្រាំមួយពាន់
ជូនជាសទ្ធា
ក្រែងគ្រាន់មួយគ្រា
ស្មូមចាស់ដោះទ័ល ។

លោកយកពីដៃ
គ្មាននឹកគុណស្រ័យ
អ្នកដែលបានផ្តល់
បែរថា តាអើយ
ម្តេចមិនឲ្យផ្ទាល់
មើលនែ នៅសល់
តែប្រាំមួយពាន់ ។

អរគុណលោកតា
មានចិត្តជ្រះថ្លា
ទទួលបំណន់
តែលើកក្រោយទៀត
តាតាមឲ្យទាន់
អ្នកហ៊ានបំភ័ន្ត
លួចលាក់លុយតា ៕