កើតមកជាដែក ទុក្ខច្រើនបែប
គេ ស្មិត បិតថែប ដុត លត់ ឆ្នៃ
ជាឧបករណ៍ ប្រើរាល់ថ្ងៃ
ដែកខួង ដែកខៃ ដែកកណ្តារ ។
ដែកគោលដែកគាស់ ដែកអង្រួស
ដែកឆាប ដែកឈួស និងដែកចារ
កាំបិត ពូថៅ ចបរណា
ឆេះកាយច្រើនសារ អនិច្ចាដែក ។
ទោះរូបដូចម្តេច ក៏សន្តាន
មិនអាចកាត់បាន រស់ដោយឡែក
អាស្រ័យពឹងគ្នា ងារតាមផ្នែក
ខុសម្យ៉ាងគឺប្លែក ភ័ព្វវាសនា ។
ដែកគោលតែងរង ខ្នងពូថៅ
វាយវៀចខុសដៅ ម្ចាស់ផ្តាសា
អន្លូងរមូល ម្តេចមិនថា
ដែកគោលបាន ការសរសើឈើ ។
ដែកគោលខំប្រឹង ដល់គោលដៅ
ម្តេចលើកពូថៅ អួតទំយើ ?
តើគេដឹងដែរ ឬធ្វើពើ?
ឬពិតជាល្ងើ មិនយល់ការណ៍ ?
ម្តេចក៏ដែកគោល កម្មម្ល៉េះទេ ?
រង់ចាំគេជេរ វាយផ្តាសា
បង្ខំញញឹម ទទួលការ
ទោះប្រាំងវស្សា មិនប្រកែក ។
លុះអស់ភារៈ គេចាប់ដក
ដួងចិត្តរឹតខក ដាក់រហែក
មិតរួមការងារ ត្រូវបាក់បែក
ជីវិតអល់អែក ដេកតាមដី ។
ឯដែកគោលទៀត អួតសំណាង
ត្រូវគេស្អិតស្អាង តម្រង់ថ្មី
សំបងក្បាលទៀត ធ្មេចធ្វីហី
សំណាងដែរអី ឬវេរា ?
ឯមួយពួកទៀត ចង់មិនចង់
ត្រូវគេបោះបង់ ចោលតាមធ្លារ
ធ្លាក់ខ្លួនពិការ រស់កំព្រា
ថែមគេបំពារ គ្រប់វិធី ។
ឱ! ដែកគោលអើយ ដែកគោលខ្មោច
ប៉ុន្តែប្រយោជន៍ គេបោចស៊ី
ខ្លួនពិការស្លាប់ តែបញ្ជី
មានឈ្មោះមួយពីរ គេរត់ការ...
ដែកគោលមួយប៉ែក ដេកតាមផ្លូវ
ប្រែកាយក្លាយទៅ ដែកបន្លា
រំខានដល់គេ ច្រើនប្រការ
សួរថានរណា អ្នកចោលដែក ?
អាសូរដែកគោល ដែលពិការ
គេកាត់គេអារ មិនហ៊ានស្រែក
គេច្រិបគេច្នៃ ទៅតាមផ្នែក
វាថែមចម្លែក ដែកអស់កាត ៕